ការចាប់ផ្តើមរបស់ AusCam

ស្ថាបនិក AusCam គឺ Geoff និង Julie Dowse

ក្នុងឆ្នាំ ២០០៣ ខ្ញុំបានប្រឈមមុខនឹងរូបភាពមួយដែលឆេះដល់ស្នូលនៃព្រលឹងរបស់ខ្ញុំ។ ខ្ញុំកំពុងឈរនៅក្នុងបន្ទប់នៃក្រុមស៊ើបអង្កេតសម្ងាត់មួយនៅឈៀងម៉ៃប្រទេសថៃ ដែលជញ្ជាំងពោរពេញដោយក្មេងស្រីដែលបាត់ខ្លួនដែលមានវ័យក្មេងៗ។ ទាំងអស់​ត្រូវ​បាន​គេ​សង្ស័យ​ថា​ជា​ការ​ជួញ​ដូរ។ វាគឺជារូបភាពនេះហើយ ដែលជំរុញទឹកចិត្ត និងការប្តេជ្ញាចិត្តរបស់ខ្ញុំ ក្នុងការតស៊ូដើម្បីសេរីភាពរបស់ក្មេងស្រីគ្រប់រូប ដែលត្រូវបានទទួលរងនូវឧក្រិដ្ឋកម្មដ៏រន្ធត់នេះ។ ខ្ញុំ​មិន​អាច​ធ្វើ​អ្វី​បាន​សម្រាប់​ក្មេង​ស្រី​ទាំង​នោះ​កាល​ពី​ពេល​នោះ​ទេ ប៉ុន្តែ​វា​បាន​កំណត់​ឱ្យ​ខ្ញុំ​ដើរ​លើ​ផ្លូវ​ដែល​២០​ឆ្នាំ​ក្រោយ​មក​ខ្ញុំ​នៅ​តែ​បន្ត ដោយ​មាន​ចំណង់​ចំណូល​ចិត្ត និង​ការ​តាំង​ចិត្ត​ដូច​គ្នា​ដែល​ខ្ញុំ​មាន​កាល​នោះ។

Julie Dowse

នៅពេលដែលខ្ញុំត្រលប់ពីខេត្តឈៀងម៉ៃវិញ នៅចុងឆ្នាំ 2004 ខ្ញុំបានដឹងថាខ្ញុំត្រូវតែស្វែងយល់បន្ថែមទៀតអំពីបញ្ហានៃការជួញដូរកុមារដ៏រំជួលចិត្តនេះ ដើម្បីឱ្យដឹងថាតើខ្ញុំអាចធ្វើឱ្យមានភាពខុសប្លែកបានដែរឬទេ។ ខ្ញុំបានលះបង់ពេលវេលាអស់ 5 ឆ្នាំដើម្បីបណ្តុះជំនាញ និងចំណេះដឹងរបស់ខ្ញុំតាមរយៈការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ លើមុខវិជ្ជា ការស៊ើបអង្កេតលើការការពារកុមារ និងបន្តធ្វើការស្រាវជ្រាវបន្ថែមអំពីបញ្ហាសកល។

នៅឆ្នាំ 2010 Geoff និង ខ្ញុំបានធ្វើការសម្រេចចិត្ត វេចបង្វេចចាកចេញពីជីវិត និងផ្ទះដែលយើងធ្លាប់រស់នៅដោយសុខស្រួល ក្បែរមហាសមុទ្រក្នុងទីក្រុង Sydney មកកាន់ទីក្រុងភ្នំពេញ ដែលជាតំបន់ក្តៅសម្រាប់ករណីជួញដូរកុមារ។

ខ្ញុំបានចាប់ផ្តើមធ្វើការក្នុងអង្គការសិទ្ធមនុស្សដ៏ធំមួយដែលធ្វើការជាមួយជនរងគ្រោះដោយសារការរំលោភដោយហិង្សា និងការជួញដូររាប់ពាន់នាក់។ Geoff ក៏បានកំពុងធ្វើការលើជំនាញផ្នែកស្ថាបត្យកម្មផ្សេងៗ ដែលការងារទាំងធ្វើជាការងារដែលស្ម័គ្រចិត្តលើជំនាញឯកទេសរបស់គាត់។ យើងបានប្រើប្រាស់ពេលទំនេររបស់យើង ជាមួយនឹងមណ្ឌលកុមារកំព្រាតូចមួយដែលជាកន្លែងដែលយើងបានដក់ចិត្តស្រលាញ់កុមារទាំង 70 នាក់ ដែលយើងជឿជាក់ថាពួកគេគឺសុទ្ធតែជាក្មេងកំព្រា។ តែយ៉ាងណាក៏ដោយ ដោយភាពមិនដឹងខ្លួន យើងបានបណ្តោយឱ្យខ្លួនឯងធ្លាក់ចូលក្នុងបរិបទមួយដែលពេលនេះគេសំដៅលើ "ទេសចរកុមារកំព្រា"។ មណ្ឌលកុមារកំព្រាមួយនេះបាន ប្រើប្រាស់គ្រួសារដែលងាយរងគ្រោះធ្វើជាឧបករណ៍រកលុយសម្រាប់អាជីវកម្មរបស់ខ្លួន ដោយការដាក់បង្ហាញថាកុមារទាំងអស់នេះគឺជាកុមារកំព្រា ហើយទុកឱ្យពួកគេរស់នៅក្នុងស្ថានភាពលំបាក។ ពួកគេមិនត្រឹមតែត្រូវបានដាក់ឱ្យរស់នៅលក្ខខណ្ឌមិនសមរម្យ និងដោយឡែកពីគ្រួសារប៉ុណ្ណោះទេ ហើយយើងដ៏បានដឹងដែរថា កុមារទាំងនេះក៏ត្រូវបានគេរំលោភបំពានផងដែរ។ មកទល់ពេលនេះ វានៅតែធ្វើឱ្យយើងរំជួលចិត្តនៅឡើយ។

នៅពេលដែលយើងបានដឹងអំពីការណ៍នេះ យើងបានប្រញាប់រាយការណ៍អំពីមណ្ឌលកុមារកំព្រានេះទៅកាន់អជ្ញាធរ ក្រោយមកមណ្ឌលនេះបានបិទទ្វារ ហើយកុមារទាំងអស់បានវិលត្រលប់ទៅជាមួយគ្រួសារវិញ ហើយខ្លះទៀតត្រូវបានបញ្ជូនទៅមជ្ឈមណ្ឌលទទួលចិញ្ចឹមក្មេងកំព្រា។ តែយ៉ាងណាក៏ដោយ នៅមានក្មេងស្រីវ័យជំទង់មួយចំនួនដោយសារលក្ខខណ្ឌប្រឈម និងហេតុផលផ្សេងៗ ធ្វើឱ្យពួកគេមិនអាចត្រលប់ទៅផ្ទះវិញបាន។

យើងបានរស់នៅទីក្រុងភ្នំពេញ អស់រយៈពេលច្រើនជាងមួយឆ្នាំ។ តាមការពិត រយៈពេលប៉ុនហ្នឹងមិនយូរគ្រប់គ្រាន់ដែលអាចឱ្យយើងសម្របរស់នៅបានលើទឹកដីថ្មី និងវប្បធម៌ថ្មីនៅឡើយទេ ប៉ុន្តែ យើងបានដកពិសោធន៍នូវអារម្មណ៍គ្រប់រសជាតិ ដែលយើងសុទ្ធតែអាចទទួលបានក្នុងរយៈពេលដ៏ខ្លីនេះ។ ភាពរីករាយ ការរំភើប ការខកចិត្ត កំហឹង ភាពទុក្ខព្រួយ ភាពសប្បាយរីករាយ ការតាំងចិត្ត និងការបាត់បង់គោលដៅ គឺសុទ្ធតែយើងបានឆ្លងកាត់ទាំងអស់។ ទោះយ៉ាងណាក៏ដោយ យើងក៏បានដឹងថា យើងត្រូវតែធ្វើឱ្យបានច្រើនបន្ថែមទៀត។ នៅខែមករា ឆ្នាំ 2012 យើងបានត្រលប់ទៅកាន់ទីក្រុង Sydney វិញ និងបានចាប់ផ្តើមបង្កើតគម្រោងសេរីភាព AusCam នេះឡើង។ មួយរយៈពេលខ្លីបន្ទាប់ពីនោះ យើងបានត្រលប់មកទីក្រុងភ្នំពេញ ក្នុងនាមជាអង្គការសប្បុរសធម៌ថ្មីស្រឡាងមួយ ដោយមានទស្សនៈវិស័យ និងការតាំងចិត្តដោះស្រាយជាបន្ទាន់។ ក្មេងស្រីដែលមកពីមណ្ឌលកុមារកំព្រាទាំងអស់នោះ បានក្លាយជាគ្រាប់ពូជនៃគម្រោងសេរីភាព AusCam។

គម្រោងដំបូងរបស់យើងបានចាប់កំណើតឡើង ដែលមានឈ្មោះកាត់ថា 'TLC' ដែលត្រូវបានស្គាល់ដោយក្តីពេញចិត្តថា (មជ្ឈមណ្ឌលអន្តរកាលជីវិត' គឺជាទីអាស្រ័យសម្រាប់ក្មេងស្រីដែលគ្មាន ឬមានការគាំទ្រតិចតួច ធ្លាប់ទទួលរងការរំលោភបំពាន ការកេងប្រវ័ញ្ច ក្នុងរូបភាពផ្សេងៗ ឬស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ និងត្រូវការទីកន្លែងមានសុវត្ថិភាពដើម្បីរស់នៅ និងអភិវឌ្ឍន៍ខ្លួន។ ជាការពិតណាស់ វាមិនមែនជាកិច្ចការដែលសាមញ្ញ និងធ្វើបានក្នុងរយៈពេលខ្លីនោះទេ ការផ្លាស់ប្តូរប្រព័ន្ធការិយាធិបតេយ្យនៅកម្ពុជាមិនមែនជាកិច្ចការដែលងាយស្រួលនោះទេ! តែយ៉ាងណាក៏ដោយ តាមរយៈការធ្វើការងារជាច្រើនម៉ោង និងការគាំទ្រពីសំណាក់មិត្តភក្តិខ្មែរ យើងបានចុះអនុញ្ញាយោគយល់ជាមួយរដ្ឋាភិបាលប្រទេសកម្ពុជា ( ក្រសួងកិច្ចការបរទេស និងសហប្រតិបត្តិការអន្តរជាតិ) ជាអង្គការក្រៅរដ្ឋាភិបាលមិនរកប្រាក់ចំណូលអន្តរជាតិ។

TLC បានធ្វើប្រតិបត្តិការចាប់ពីឆ្នាំ 2012 រហូតដល់ឆ្នាំ 2016 ហើយ ក្នុងចន្លោះពេលនេះ យើងបានយកចិត្តទុកដាក់មើលថែស្ត្រីវ័យក្មេង និងក្មេងស្រីស្រស់ស្អាត ចំនួន 18 នាក់ ។ យើងនៅបន្តទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយក្មេងស្រី ដែលចេញពីមណ្ឌលកុមារកំព្រាដែលយើងបានជួបជាលើកដំបូង។ ពួកគេបានផ្លាស់ប្តូរខ្លួនពី ជនរងគ្រោះនៃការរំលោភបំពាន ក្លាយទៅជាក្មេងស្រី ដែលមានអំណាច មានការអប់រំ និងមានភាពធន់ ជាមួយនឹងក្តីសង្ឃឹមជាថ្មី និងភាពរីករាយសម្រាប់អនាគតដែលមានសុវត្ថភាព និងភាពវិជ្ជមាន។ យើងពិតជាមានមោទនភាពចំពោះសមិទ្ធផលរបស់ពួកគេជាពន់ពេក។

នៅឆ្នាំ 2013 បន្ទាប់ពីបានចំណាយពេលអស់ 12 ខែធ្វើកិច្ចការលើកម្មវិធីផ្សព្វផ្សាយតាមតំបន់ភ្លើងក្រហម ក្នុងទីក្រុងភ្នំពេញ យើងបានកំណត់សំគាល់នូវការគម្រាមកំហែងរួមមួយដែលស្ត្រីវ័យក្មេង និងក្មេងស្រីរាប់ពាន់នាក់ត្រូវប្រឈមមុខដូចគ្នា ហើយបញ្ហាដែលយើងបានរកឃើញនោះគឺ គ្មាននរណាម្នាក់ក្នុងចំណោមពួកគេបានទទួលការអប់រំនោះទេ។

ជាយុទ្ធសាស្ត្រ យើងបានសម្រេចបង្កើតនូវកម្មវិធីថ្មីមួយ ហើយផ្តោតលើការកំណត់អត្តសញ្ញាណក្មេងស្រីទាំងនោះ ដែលស្ថិតក្នុងហានិភ័យនៃការបោះបង់ការសិក្សា ដើម្បីធានាថាពួកគេអាចបញ្ចប់ការសិក្សាជាមួយនឹងក្តីសង្ឃឹមថ្មី សម្រាប់អនាគត ប្រកបដោយភាពវិជ្ជមាន។ កម្មវិធីអាហារូបករណ៍សិក្សាសេរីភាព សម្រាប់ក្មេងស្រី ត្រូវបានបង្កើតឡើងក្នុងខែធ្នូ ឆ្នាំ 2013 ជាមួយនឹងក្មេងស្រីចំនួន 25 នាក់។ សព្វថ្ងៃនេះ យើងមានក្មេងស្រីចំនួន 60 នាក់ កំពុងសិក្សានៅថ្នាក់សាកលវិទ្យាល័យ និងក្មេងស្រីជាច្រើនទៀតដែលបានបញ្ចប់ការសិក្សា។ កម្មវិធីរបស់យើងបានរីកចម្រើន និងបានផ្លាស់ប្តូរជាបន្តបន្ទាប់ ដែលសម្របតាមសេចក្តីត្រូវការរបស់ក្មេងស្រី និងការផ្លាស់ប្តូរបរិបទនៃការជួញដូរក្នុងប្រទេសកម្ពុជា។ យើងនៅតែបន្តរៀនសូត្រ និងពង្រីកខ្លួនជានិច្ច។

រយៈពេលជាង 12 ឆ្នាំកន្លងមកនេះ យើងបានបង្កើតផលជះដល់ជីវិតក្មេងស្រីរាប់ពាន់នាក់រួចមកហើយ។ ក្មេងស្រីទាំងអស់នោះ គឺជាចង្វាក់បេះដូងរបស់ AusCam។ ភាពធន់ និងការតាំងចិត្តរបស់ពួកគេ ដែលបានឆ្លងកាត់ចម្រុះភាពទាំងនេះគឺពិតជាអ្វីដែលយើងស្ញើចសរសើរណាស់។ ក្រុមការងារក្នុងតំបន់របស់យើង ពិតជាមានការតាំងចិត្តខ្ពស់ និងធ្វើការងារមិនគិតពីភាពនឿយហត់ដើម្បីសម្រេចបុព្វហេតុនេះ។ យើងបានទទួលអ្នកស្មគ្រចិត្តជាច្រើននាក់រួចមកហើយ ដែលបានលះបង់ពេលវេលារាប់ពាន់ម៉ោងធ្វើការជាមួយហើង និងនៅតែបន្តដាក់ខ្លួនពីក្រោយខ្នងយើង ហើយម្ចាស់ជំនួយ និងអ្នកគាំទ្ររបស់យើងបានបរិច្ចាគថវិកាច្រើនជាង 3 លានដុល្លារ ដើម្បីជួយយើងប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស និងការកេងប្រវ័ញ្ច។

ថ្ងៃនេះ រូបភាពដែលខ្ញុំមើលនៅលើជញ្ជាំងការិយាល័យរបស់ខ្ញុំគឺខុសគ្នាខ្លាំងណាស់។ ពួកគេជាក្មេងស្រីដែលសប្បាយរីករាយ ពោរពេញដោយក្តីសង្ឃឹម មានការតាំងចិត្ត ជំនាញ និងរឹងមាំ ប៉ុន្តែភាគច្រើនពួកគេមានសុវត្ថិភាព។

ដូច្នេះ ពេលនេះ យើងសំឡឺងមើលទៅអនាគត។ យើងគ្មានការសង្ស័យថា រឿងល្អៗនឹងកើតឡើង។

សូមថ្លែងអំណរគុណដល់ម្ចាស់ជំនួយ អ្នកគាំទ្រ មិត្តរួមការងារ បុគ្គលិក អ្នកស្ម័គ្រចិត្ត មិត្តភក្តិ និងក្រុមគ្រួសារទាំងអស់ដែលជឿថាសាច់រឿងរបស់ក្មេងស្រីទាំងអស់សុទ្ធតែសំខាន់ - ទាំងអស់គ្នា យើងពិតជាបានធ្វើកិច្ចការនេះបានសម្រេច..

Julie & Geoff 💜

The Beginning of AusCam

" សកម្មភាពដែលគ្មានទស្សនៈវិស័យ គឺត្រឹមតែធ្វើទៅតាមពេលវេលាប៉ុណ្ណោះ មានតែទស្សនៈវិស័យតែមិនមានសកម្មភាព គឺគ្រាន់តែជាការយល់សប្តិទាំងថ្ងៃ ប៉ុន្តែ ទស្សនៈវិស័យជាមួយនឹងសកម្មភាពអាចផ្លាស់ប្តូរពិភពលោកនេះបាន"
Nelson Mandella

យើងចង់ឱ្យក្មេងស្រីទាំងអស់ ពីគ្រប់ទិសទី រួចផុតពីការជួញដូរ និងការកេងប្រវ័ញ្ច។